មន្ត្រីតុលាការ១រូប និងមេធាវីរបស់គាត់បាននិយាយកាលពីថ្ងៃសុក្រថា ប្រមុខប្រតិបត្តិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចព័ត៌មានឧបករណ៍ពាក់កណ្តាលចម្លងកំដៅ (បន្ទះឈីប) ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung Electronics ត្រូវបានឃុំខ្លួនម្តងទៀត ពីចោទប្រកាន់ថ្មីៗជាច្រើន ពាក់ព័ន្ធនឹងការលួចបច្ចេកវិទ្យាកែច្នៃបន្ទះឈីប។

មន្ត្រីតុលាការម្នាក់ដែលសុំមិនផ្តល់ព័ត៌មានលម្អិតបន្ថែមបាននិយាយថា តុលាការកណ្តាលក្រុងសេអ៊ូល បានចេញដីកាឃុំខ្លួន លោក ឆយ ជីនសឹក (Choi Jinseog) កាលពីថ្ងៃព្រហស្បតិ៍ ដោយសារក្តីបារម្ភថាលោកគឺជាហានិភ័យការបញ្ចេញព័ត៌មាននេះ

លោកឆយ ជាអតីតប្រមុខប្រតិបត្តិក្រុមហ៊ុន Samsung ដែលបើកគម្រោងអាជីវកម្មផលិតបន្ទះឈីប នៅក្នុងប្រទេសចិន បានទទួលរងនូវការកាត់ទោសពីបទចារកម្មឧស្សាហកម្មដ៏លេចមុខមាត់ម្តងរួចទៅហើយ តាំងពីខែកក្កដា ឆ្នាំ២០២៣ និងត្រូវបានចាប់ខ្លួន និងត្រូវដោះលែងឱ្យនៅក្រៅឃុំដោយបង់ប្រាក់ធានាកាលពីខែវិច្ឆិកាឆ្នាំមុន។ កាលណោះ លោក ​បាន​បដិសេធចំពោះរាល់​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

បច្ចេកវិទ្យាដំណើរការបន្ទះឈីប DRAM 20-nanometer របស់ក្រុមហ៊ុន Samsung ត្រូវបានបែកធ្លាយទៅប្រទេសចិន

មេធាវីរបស់ ឆយ លោក គីម ពិលស៊ុង (Kim Pilsung) បានប្រាប់រ៉យទ័រថា ពេលនេះ គាត់ប្រឈមនឹងការចោទប្រកាន់ថ្មីៗពីបទពាក់ព័ន្ធក្នុងការលួចព័ត៌មានទាក់ទងនឹងដំណើរការបន្ទះឈីប DRAM 20-nanometer ពីក្រុមហ៊ុន Samsung ទៀត។ លោក គីម បាននិយាយថា កូនក្តីរបស់លោក បានបដិសេធរាល់ការប្រព្រឹត្តខុស និងបដិសេធរាល់ព័ត៌មាន ដែលត្រូវបានចោទប្រកាន់ពីបទលួច គឺថាគេអាចរកបានជាសាធារណៈ។

មេធាវី​របស់​លោក ​បាន​និយាយ​ថា លោក ឆយ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ជុំវិញ​ការ​ចោទ​ប្រកាន់​ថ្មី​នេះ​ទេ។

ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

នៅក្នុងករណីដែលគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់កូរ៉េខាងត្បូងដើម្បីបង្ក្រាបលើចារកម្មឧស្សាហកម្ម និងដើម្បីពន្យឺតការីកចម្រើនរបស់ចិនក្នុងការផលិតបន្ទះឈីបនោះ, លោក ឆយ ត្រូវបានចោទប្រកាន់នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ពីបទព្យាយាមសាងសង់រោងចក្រផលិតបន្ទះឈីបចម្លង១ នៅក្នុងប្រទេសចិនជាមួយនឹងព័ត៌មានរសើប ដែលក្រុមហ៊ុន Samsung បង្កើតឡើង។

វិស្វករ​ដែល​ទទួល​បាន​ពាន​រង្វាន់រូប​នេះ ​ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​តារា១ដួង ​ក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីប​របស់​កូរ៉េ​ខាង​ត្បូង។ បន្ទាប់ពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានា លោក ឆយ បានប្រាប់រ៉យទ័រកាលពីខែមេសាថា ក្រុមប៉ូលិសកំពុងស៊ើបអង្កេតរូបលោក និងអតីតបុគ្គលិករបស់លោកម្នាក់ ជាអតីតបុគ្គលិក Samsung ជុំវិញការចោទប្រកាន់ថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាដំណើរការបន្ទះឈីបរបស់ ក្រុមហ៊ុន Samsung ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព