បណ្ណាល័យចល័តនៃអង្គការស៊ីប៉ាសម្រុកចូលចែកសៀវភៅអាននៅតំបន់ក្មេងក្រីក្រក្នុងរាជធានី

ដើម្បីបណ្តុះនូវវប្បធម៌អំណានដល់កុមាកម្ពុជា អង្គការស៊ីប៉ា(SIPAR)បានដឹកសៀវភៅអាន និងសៀវភៅរូបភាពរាប់រយក្បាល និងឧបករណ៍ក្មេងលេង តាមរឺម៉កទៅចែកឱ្យកុមារ និងគ្រួសារដែលអង្គការនេះគាំទ្រនៅតំបន់ក្រីក្រនានានៃរាជធានីភ្នំពេញក្នុងបំណងជំរុញការអានសៀវភៅនៅកម្ពុជា។

បណ្ណាល័យតាមតុកតុករបស់អង្គការស៊ីប៉ា។

យោងតាមលោក ខាន ថាន់ អ្នកគ្រប់គ្រងកម្មវិធីនៃបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាលើកឡើងថា «ប្រជាជនក្នុងតំបន់គោលដៅស្វែងយល់អំពីប្រធានបទជាច្រើនដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ពួកគេ»។

សារព័ត៌មាន Carennews ជាភាសាបារាំងបានរៀបរាប់សរសេរថា«បណ្ណាល័យរ៉ឺម៉កកង់បី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដើម្បីទៅដល់អ្នករស់នៅក្នុងតំបន់អនាធិបតេយ្យចំនួន៧ ទីតាំងក្នុងរាជធានីភ្នំពេញ ដែលមិនងាយស្រួលធ្វើដំណើរដោយរថយន្ត។ បណ្ណាល័យចល័តនេះ រួមគ្នាបង្កើតដោយសមាគមស៊ីប៉ាក្នុងភាពជាដៃគូជាមួយ Planète Enfants& Developpement និងអង្គការពីរផ្សេងទៀត។

រ៉ឺម៉កកង់បី ឬហៅថា តុកតុក បានផ្ទុកដោយសៀវភៅអាន និងហ្គេម បណ្ណារក្ស និងជំនួយការរបស់គាត់ចេញទៅជួបក្មេងៗ និងក្រុមគ្រួសាររបស់ពួកគេក្នុងសហគមដោយផ្ទាល់។ ពួកគេ​បាន​បង្កើត​នៅ​កន្លែង​ដែល​មាន​ជម្រក (ជា​ឧទាហរណ៍​មជ្ឈមណ្ឌល​សង្គម) ហើយ​ប្រមូល​កុមារ​ពី២០នាក់ទៅ ៤០នាក់ ដើម្បីចែកសៀវភៅអានតាមការចូលចិត្តរបស់ពួកគេ។

អង្គការ​ស៊ីប៉ា​​បានបើក​បណ្ណាល័យ​ចល័ត​បណ្តែត​ទឹក(កាណូត)ផងដែរ​នៅ​ខែ​មករា ឆ្នាំ​២០២៤ នៅ​
ឃុំ​ផាត់សណ្តាយ ខេត្ត​កំពង់ធំ។ គោល​បំណង គឺ​លើក​ទឹកចិត្ត​អ្នក​រស់​នៅ​លើទឹកបឹង​ទន្លេសាបទទួលនូវចំណេះដឹងពីការអាសៀវភៅ ដែលមានប្រធានបទចម្រុះ។ គម្រោង​នេះ​ធ្វើឡើង​តាម​ការ​ផ្តួចផ្តើម​គំនិត​ដំបូងដ៏​ជោគជ័យ​នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។

ភូមិអ្នកនិពន្ធនៃសារព័ត៌មាន អាម៉ាហ្សាឌៀ អេឌូខេសិន (Amazadia Education) យល់ឃើញថា តាមរយៈគម្រោងបណ្ណាល័យចល័តរបស់អង្គការនានានៅកម្ពុជា សង្ឃឹមថាមនុកុមារខ្មែរកាន់តែច្រើន
នឹងទទួលយកទម្លាប់អានដ៏ល្អ និងឈានទៅរកបង្កើតនូវវប្បធម៌អំណានជាអចិន្ទ្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា។

កន្លងមកអង្គការស៊ីប៉ា​បាន​សម្ពោធ​បណ្ណាល័យ​ចល័ត​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២០ នៅ​ស្រុកកំពង់​លែង ខេត្តកំពង់ឆ្នាំង។ បណ្ណាល័យចល័តនេះ មានសៀវភៅចន្លោះពី៥០០ ទៅ៣០០០ ក្បាលលើប្រធានបទផ្សេងៗគ្នា សម្រាប់កុមារ និងមនុស្សពេញវ័យ។ ពួកគេអាចអានសៀវភៅនៅបណ្ណាល័យ ឬយកវាទៅផ្ទះរហូតដល់មួយសប្តាហ៍។

បច្ចុប្បន្ននេះ អង្គការស៊ីប៉ា មានបណ្ណាល័យចល័តសរុបជាង១០ទីតាំងរួមមាន បណ្ណាល័យលើរថយន្ត ដឹកទំនិញចំនួន៩គ្រឿង រ៉ឺម៉កម៉ូតូកង់បី ទូក និងម៉ូតូមួយគ្រឿង។ បណ្ណាល័យចល័តទាំងនោះបាន ធ្វើដំណើរទៅកាន់១០៦ គោលដៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៧ ហើយពលរដ្ឋកម្ពុជាជាង ១៧០០០នាក់បានទទួលអត្ថប្រយោជន៍ពីសេវាកម្មសង្គមនេះ៕

 

 

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព